លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន […]

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ប្រគេនបច្ច័យ និងទឹកដោះគោ ជួយឧបត្ថម្ភជនភៀសសឹកស្នាក់អាស្រ័យក្នុងវត្តប្រាសាទស្រះឈ្នួរ
លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ប្រគេនបច្ច័យ និងទឹកដោះគោ ជួយឧ បត្ថម្ភជនភៀសសឹកស្នាក់អាស្រ័យក្នុងវត្តប្រាសាទស្រះឈ្នួរ
បន្ទាយមានជ័យ៖ ដោយទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ប្រកបដោយមេត្តាករុណា និងស្មារតីមនុស្សធម៌ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា បានប្រគេនបច្ច័យជាទានដល់ ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះឈ្នួរ ដើម្បីចូលរួមដោះស្រាយការចំណាយទាក់ទងនឹងទឹក និងភ្លើង សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹក ដែលបានមកស្នាក់អាស្រ័យជាបណ្តោះអាសន្ននៅក្នុងបរិវេណវត្ត។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នៅវត្តប្រាសាទស្រះឈ្នួរ ស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងបន្ធូរបន្ថយការលំបាក និងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃរបស់ជនភៀសសឹក ដែលបានចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារស្ថានភាពអសន្តិសុខ បណ្តាលមកពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យភាពនៃប្រទេសកម្ពុជា។
ក្រៅពីការប្រគេនបច្ច័យជាទាន លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ក៏បានប្រគេន ទឹកដោះគោចំនួន ៤៨០ ដប ដែលមួយដបមានចំណុះ ១ លីត្រ តាមរយៈព្រះគ្រូចៅអធិការវត្ត ដើម្បីឲ្យព្រះអង្គពាំនាំយកទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់អាស្រ័យនៅក្នុងវត្ត។
នៅក្នុងឱកាសនោះ ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះឈ្នួរ ព្រះនាម កេតុសីលោ អ៊ិត រដ្ឋា បាននាំយកទឹកដោះគោទាំងអស់ទៅចែកជូនដល់ជនភៀសសឹកក្នុងវត្ត ស្របតាមតម្រូវការជាក់ស្តែង ជាពិសេសផ្តោតសំខាន់លើកុមារ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកមានសុខភាពខ្សោយ ដើម្បីជួយបំប៉នសុខភាព និងលើកទឹកចិត្តក្នុងគ្រាលំបាក។
សរុបតម្លៃទឹកដោះគោ និងបច្ច័យដែលបានប្រគេនក្នុងឱកាសនេះ គិតជាទឹកប្រាក់ចំនួន ២ លាន ៧៤ ម៉ឺនរៀល ដែលជាការចូលរួមយ៉ាងមានន័យ ក្នុងការដោះស្រាយបញ្ហាចាំបាច់ និងគាំទ្រជីវភាពប្រចាំថ្ងៃរបស់ជនភៀសសឹក។
ក្នុងឱកាសនោះដែរ ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះឈ្នួរ បានមានថេរដីកាសម្តែងនូវការអរគុណ និងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ដែលបានយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គ្រោះ និងឧបត្ថម្ភដល់បងប្អូនជនភៀសសឹក ក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងស្ថានភាពលំបាក។
សកម្មភាពសប្បុរសធម៌នេះ ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវវប្បធម៌ចែករំលែក សាមគ្គីភាព និងមនុស្សធម៌ដ៏ថ្លៃថ្លារបស់សង្គមខ្មែរ ដែលតែងតែរួមគ្នាជួយគ្នាទៅវិញទៅមក នៅពេលប្រជាពលរដ្ឋជួបវិបត្តិ និងការលំបាក ហើយក៏ជាគំរូដ៏ល្អសម្រាប់សាធារណជនទូទៅ ក្នុងការចូលរួមកសាងសង្គមប្រកបដោយមេត្តាករុណា និងភាពរួបរួមជាតិ។
គួរបញ្ជាក់ផងដែរថា ជានិច្ចកាលមក លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា តែងតែបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងស្មារតីមនុស្សធម៌ខ្ពង់ខ្ពស់ ដោយមិនដែលដាច់ខាតក្នុងការចូលរួមជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ អ្នកខ្វះខាត ជនរងគ្រោះ និងអ្នកកំពុងប្រឈមនឹងការលំបាក ក្នុងឱកាសនានា ទាំងតាមរយៈការឧបត្ថម្ភសម្ភារៈ បច្ច័យ និងការចូលរួមដោយផ្ទាល់។
សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីគុណធម៌ មេត្តាករុណា និងការទទួលខុសត្រូវចំពោះសង្គម ដែលត្រូវបានសាធារណជនទូទៅកោតសរសើរ និងចាត់ទុកជាគំរូដ៏ល្អក្នុងការចូលរួមកសាងសង្គមប្រកបដោយភាពរួបរួម និងមនុស្សធម៌៕










