ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធម្តាយមីង!!!

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយ​មីងជី​ដូន​មួយ។

លោកស្រី ឈឹម ប៉ែននីឡា បានទទួលមរណភាពនៅវេលាម៉ោង ១៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០២៤ ដោយរោគាពាធ។ សពរបស់លោកស្រី ត្រូវបានតម្កល់រៀបចំពិធី​បុណ្យ​តាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី។

ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសមានទុក្ខ​យ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ម្តាយជាទីគោរពស្រឡាញ់។ ក្នុងសារចូលរួមរំលែកមរណទុក្ខ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពលោកស្រី ឈឹម ប៉ែននីឡា គឺជាការបាត់បង់ភរិយា មាតា ក្មេក យាយ និងយាយទួត​ដែលប្រកបដោយ​ព្រហ្មវិហារ​ធម៌ សង្គហធម៌គំរូមួយរូប ដែលក្នុងឆាកជីវិតរបស់លោកស្រី បានប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ធ្វើពលិកម្ម សព្វបែបយ៉ាងដើម្បីរួមចំណែកគាំពារ និងជ្រោមជ្រែងស្វាមី ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ព្រមទាំងខិតខំចិញ្ចឹមបីបាច់ ថែរក្សាអប់រំទូន្មានបុត្រធីតា ចៅ និងចៅទួត រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។

លោកស្រី ឈឹម ប៉ែននីឡា បានប្រសូត្រនៅ ថ្ងៃចន្ទ ២ រោច ខែពិសាខ ឆ្នាំជូតសំរឹទ្ធិស័ក ពុទ្ធសករាជ ២៤៩២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៤៨។ លោកស្រីមានបងប្អូនសរុប៨នាក់។ លោកស្រីជាកូនស្រីទី៥ ឪពុកជានាយកសាលានៅទីរួមខេត្តកំពុងចាម។ កាលពីគាត់អាយុប្រហែល៣ រឺ៤ឆ្នាំ ឪពុកគាត់ត្រូវបានទទួលមរណៈភាព ដោយសារពួកខ្មែរឥស្សរៈបានបាញ់សម្លាប់។ ពេលគាត់អាយុ១៦ឆ្នាំ គាត់បានឡើងមករៀននៅភ្នំពេញ នៅសាលានរោត្តមថ្នាក់មធ្យមសិក្សា។ ពេលគាត់អញ្ជើញមកភ្នំពេញបានមករស់នៅជាមួយបងស្រី ប៉ែន រ៉ានី ដែលជាបងស្រីទី២។ គាត់បានរៀបការនៅឆ្នាំ១៩៧១ ដោយចំណងអាពាហ៍ពិពាហ៍នេះ គាត់បានប្រសូត្របុត្រស្រី១រូប ឈ្មោះ​ ឈួន ផល្លីកា ហៅស្រីមិច នៅស្រុកប៉ោយចារ ខេត្តបាត់ដំបង។

នៅឆ្នាំ១៩៧៥ គាត់ និងកូនស្រី ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅខេត្តបាត់ដំបង។ ម្ដាយរបស់លោកស្រីឈឹម ប៉ែននីឡា ត្រូវបានស្លាប់ក្នុងរបបប៉ុលពត ដោយសាររោគាពាធ។
នៅឆ្នាំ១៩៧៩ ពេលរួចពីរបបប៉ុលពត លោកស្រីបានទៅរស់នៅខេត្តសៀមរាប និងបានប្រសូត្របុត្រប្រុសទី២។

នៅឆ្នាំណា១៩៧៩ រឺ១៩៨០ លោកយាយបានទៅធ្វើការជាកុងតាបអោយស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងសូហ្វីយ៉ា (Sofia) ប្រទេសប៊ុលហ្ការី (Bulgaria)។ ក្នុងកំឡុងពេលបំពេញការងារនៅទីនោះគាត់បានជួបស្វាមី គឺលោក ឈួន សុធី ដែលជាប្រធាននិសិត្សសិក្សានៅទីនោះផងដែរ។គាត់បានរៀបការជាមួយគ្នាពេញច្បាប់តាមប្រពៃណី នាប្រទេសប៊ុលហ្ការីនាកំឡុងពេលនោះ។

ចប់អាណត្តិការងារ និងការសិក្សាលោកទាំងពីរបានត្រលប់មកមាតុប្រទេសវិញជាមួយគ្នា និងកសាងជីវិតរួមរស់នៅប្រទេសខ្មែរជាមួយកូនស្រី កូនប្រុស។ លោកស្រីបានអប់រំប្រៀនប្រដៅកូនប្រុសស្រីអោយដើរតាមគន្លង និងមានគូស្រករ ប្រសូត្របានចៅស្រី ដ៏ស្រស់ស្អាតមួយរូបផងដែរ៕

Leave a Reply

Your email address will not be published.